06/08/2019
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩
មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងគម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្តោតលើការថែទាំស្រ្តី និងទារកក្នុងពេលសម្រាលនិងក្រោយពេលសម្រាល (ហៅកាត់ គម្រោង IINeoC) របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក សុខាភិបាលអំពី "សៀវភៅអប់រំសុខភាពមាតានិងទារក" នៅថ្ងៃទី៨ និងទី៩ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:០០ព្រឹក នៅសាលប្រជុំនៃមន្ទីសុខាភិបាលខេត្តស្វាយរៀងដែលមានឆ្មបប្រមាណ ៦០នាក់ មកពីមណ្ឌលសុខភាពនឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ។
គម្រោង IINeoC និងមជ្ឈមណ្ឌលជាតិសុខភាពមាតានិងទារក បានបង្កើតសៀវភៅអប់រំសុខភាពមាតា និងទារក (កូនសៀវភៅអប់រំសុខភាព) ដោយផ្អែកទៅលើគោលការណ៍ណែនាំថ្នាក់ជាតិ និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ កូនសៀវភៅអប់រំសុខភាពនេះ ត្រូវបានចែកចាយភ្ជាប់ជាមួយនឹងកំណត់ត្រាជាតិដែលមានស្រាប់ (កូនសៀវភៅពណ៌ផ្កាឈូក និងប័ណ្ណពណ៌លឿង) នៅតាមមណ្ឌលសុខភាពគោលដៅក្នុងខេត្តស្វាយរៀង តាំងពីខែកុម្ភះ ឆ្នាំ២០១៩ ដែលជាដំណាក់កាលសាកល្បង។ មណ្ឌលសុខភាពទាំងនោះ បានណែនាំកូនសៀវភៅអប់រំសុខភាពនេះដល់ស្ត្រីដែលមកទទួលសេវាពិនិត្យផ្ទៃពោះជាប្រចាំ។ ដោយមានការពង្រីកការចែកចាយកូនសៀវភៅអប់រំសុខភាពនេះទៅដល់ស្រុកប្រតិបត្តិ (ស្រុកប្រតិបត្តិរមាសហែក) នាខែសីហា ឆ្នាំ២០១៩ កន្លងមក គម្រោង IINeoC និងមន្ទី សុខាភិបាលខេត្តស្វាយរៀងនឹងរៀបចំការបណ្តុះបណ្តាលខាងលើនេះ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងបុគ្គលិកសុខាភិបាល និងពង្រីកន្ថែមនូវជំនាញអប់រំសុខភាពតាមរយៈការប្រើប្រាស់កូនសៀវភៅអប់រំសុខភាពនេះ។ យើងសង្ឃឹមថា ស្ត្រីមានផ្ទៃពោះនឹងមានចំណេះដឹងចាំបាច់អំពីសុខភាពមាតានិងទារក។
នាឱកាសនេះ គម្រោង IINeoC និងមន្ទីរពេទ្យសុខាភិបាលស្វាយរៀង សូមគោរពអញ្ជើញអ្នកសារពត៌មានរដ្ឋនិងឯកជនទាំងអស់មេត្តាចូលរួមវគ្គបណ្តុះបណ្តាលនេះដោយក្តីអនុគ្រោះ។
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលោកស្រី យ៉ូកូ ម៉ាសាគី ជំនាញការផ្នែកសុខភាពសហគមន៍មាតានិងទារករបស់គម្រាង IINeoC តាមលេខរយៈទូរស័ព្ទ 012 222 941 ឬអ៊ីម៉ែល yoko.masaki314@gmail.com ឬកញ្ញា រស់ សុភាសាវតី ជំនួយការបច្ចេកទេស តាមរយៈលេខទូរស័ព្ទការិយាល័យ: 078 769 107 ឬ អ៊ីម៉ែល iineoc.ta.kcm@gmail.com។
*កូនសៀវភៅពណ៌ផ្កាឈូក: សៀវភៅសុខភាពមាតា
** ប័ណ្ណពណ៌លឿង: ប័ណ្ណសុខភាពកុមារា/កុមារី